asset

ចំនួនមើល: 194

ទិវាអាណាចក្រជប៉ុន

ទិវាអាណាចក្រជប៉ុន ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី 11 ខែកុម្ភៈជារៀងរាល់ឆ្នាំ។ ទិវាឈប់សម្រាកនេះធ្វើឡើងសម្រាប់ជនជាតិជប៉ុនដើម្បីរំលឹកដល់ការបង្កើតប្រទេសជប៉ុនដំបូងដោយព្រះអធិរាជ ដែលមានឈ្មោះថា Jimmu ក្នុងឆ្នាំ 660 មុនគ.ស.។ ទិវាអាណាចក្រជប៉ុន មានឈ្មោះជាភាសាជប៉ុនថា Kenkoku Kinen No Hi ដែលជាឱកាសដ៏ពិសេសសម្រាប់ជនជាតិជប៉ុនដើម្បីក្រឡេកទៅមើល អតីតកាលដ៏លំបាកដែលបុព្វបុរស ជប៉ុនបានខិតខំប្រឹងប្រឺងតស៊ូដើម្បីបង្កើតប្រទេសជប៉ុននេះឡើង។ ទិវានេះបានក្រើនរំលឹកប្រជាជនជប៉ុនឲ្យរក្សាចិត្តស្រឡាញ់ប្រទេសជប៉ុននិងនាំមកនូវស្មារតីស្នេហាជាតិសម្រាប់ប្រទេសរបស់ខ្លួន។


ប្រវត្តិនៃទិវាអាណាចក្រជប៉ុន


ទិវាអាណាចក្រជប៉ុន ត្រូវបានប្រារព្ធពិធីឡើងដើម្បីអបអរសាទរដល់ការឡើងសោយរាជ្យរបស់ព្រះអធិរាជ Jimmu នៅឆ្នាំ 660 មុនគ.ស.។ ព្រះអធិរាជJimmu មានទីកំណើតនៅខេត្ត Miyazaki នៅលើកោះ Kyushu គឺជាកូនចៅរបស់អាទិទេពព្រះអាទិត្យ Amaterasu។ ព្រះអង្គត្រូវបានគេស្គាល់ថាជាព្រះអធិរាជដ៏អង់អាចក្លាហានបំផុតនៅសម័យនោះ។ ក្នុងនោះ ព្រះអធិរាជJimmu បានផ្តួចផ្តើមសង្រ្គាមពង្រីកទឹកដីជាមួយស្ទើរតែគ្រប់កុលសម្ព័ន្ធនៅសម័យនោះ ហើយជាលទ្ធផល ព្រះអង្គតែងតែទទួលបានជ័យជម្នះលើគ្រប់សង្រ្គាមនីមួយៗ។ បន្ទាប់ពីបានជ័យជម្នះលើកុលសម្ព័ន្ធជាច្រើន ជាបន្តបន្ទាប់មក ព្រះអធិរាជ Jimmu ក៏បានចា​ប់ផ្ដើមបង្រួបបង្រួមជាតិជប៉ុនឡើង។ 


ដំបូង ទិវាអាណាចក្រជប៉ុនត្រូវបានប្រារព្ធឡើង ជាមួយនឹងពិធីបុណ្យចូលឆ្នាំថ្មី ប៉ុន្តែកាលបរិច្ឆេទបានផ្លាស់ប្តូរបន្តិចនៅពេលដែលប្រទេសជប៉ុនបានផ្លាស់ប្តូរពីការប្រើប្រតិទិនច័ន្ទគតិទៅជាប្រតិទិនហ្គ្រេហ្គោរៀន (Gregorian)នៅឆ្នាំ 1873 ។ ដូច្នេះ​ ថ្ងៃនៃការប្រារព្ធទិវានេះ​បាន​ឈាន​ទៅ​ដល់​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ។



នៅសម័យមុនសង្រ្គាមលោកលើកទី២ គេឃើញថា ទិវានេះត្រូវបានប្រារព្ធឡើងពោរពេញទៅដោយក្តីស្រលាញ់ដ៏អស្ចារ្យនិងឧឡារិកបំផុត។

ក្នុងនោះមានដូចជា ក្បួនដង្ហែធំៗ និងការបាច់កាំជ្រួចនៅទូទាំងប្រទេសជប៉ុន។ ក្រោយមក ថ្ងៃឈប់សម្រាកមួយនេះត្រូវបានលុបចោលក្រោមហេតុផលផ្សេងៗ។ ប៉ុន្ដែ បន្ទាប់ពីការស្ទង់មតិជាច្រើន ការទាមទារជាសាធារណៈ និង វិសោធនកម្ម ទិវាឈប់សម្រាកនេះត្រូវបានបង្កើតឡើងម្តងទៀត នៅឆ្នាំ1966 ប៉ុន្តែការប្រារព្ធឡើងមិនដូចកាលពីសម័យមុនមកទេ។ 


ការប្រារព្ធទិវានេះ បច្ចុប្បន្ន មានដូចជាការលើកទង់ជាតិឡើង ហើយ​បន្ទាប់​មកមានការថ្លែង​សុន្ទរកថាពី​​នាយក​រដ្ឋមន្ត្រីរបស់ប្រទេស​ជប៉ុន។



ទោះបីជាការប្រារព្ធទិវានេះនៅពេលបច្ចុប្បន្នមានលក្ខណៈខុសគ្នាពីពេលអតីតកាលក៏ដោយ ក៏ទិវាមួយនេះនៅតែមានសារសំខាន់ និងរក្សាតម្លៃយ៉ាងជ្រាលជ្រៅចំពោះប្រជាជនជប៉ុននីមួយៗ។ 


ហេតុអ្វីបានជាទិវានេះមានសារសំខាន់?


  • បំផុសស្មារតីស្នេហាជាតិ
  • ទិវា​នេះ​ជា​មូលដ្ឋាន​នៃ​ការ​ប្រារព្ធ​ទិវា​ប្រវត្តិសាស្ត្រ​ជាតិ ពោលគឺវាជាថ្ងៃដែលប្រទេសជប៉ុន ក្នុងនាមជាប្រជាជាតិមួយត្រូវបានបង្កើតឡើង។
  • តំណាងឲ្យប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិ
  • ទិវានេះមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ និងវប្បធម៌ ហើយប្រជាជនប្រារព្ធវាដើម្បីបង្ហាញពីមោទនភាពជាតិរបស់ប្រទេសជប៉ុន។
  • ​បណ្ដុះ​ការ​ស្រឡាញ់​និងស្មារតី​ទទួល​ខុស​ត្រូវ​សម្រាប់​ប្រទេសជាតិ​
  • ទិវានេះបង្ហាញពីឱកាសដ៏ពិសេសដើម្បីរំលឹកឡើងវិញនូវទស្សនវិជ្ជាពីក្រោយការបង្កើតប្រទេសជប៉ុន និងបណ្តុះស្មារតីនៃក្ដីស្រឡាញ់ និងការទទួលខុសត្រូវចំពោះប្រទេសជាតិទាំងមូល។


រៀបរាងដោយ៖ ឡូដូស្យា

lodosha-app
មេរៀនភាសាជប៉ុនពន្យល់ជាភាសាខ្មែរ
appstoreplaystore
asset

ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

lodosha-banner