asset

ចំនួនមើល: 3389

អំពីច្បាប់បើកព្រំដែនថ្មីរបស់ជប៉ុន

តើអ្នកណាអាចចូលប្រទេសជប៉ុនបាន? ពេលណា? និងការធ្វើចត្តាឡីស័កមានលក្ខណៈយ៉ាងណាដែរឥឡូវនេះ?


ការរឹតបន្តឹងព្រំដែន ដើម្បីទប់ស្កាត់មេរោគកូវីដ19 គឺតែងតែផ្លាស់ប្តូរ ហើយវាអាចពិបាកក្នុងការតាមដានព័ត៌មានថ្មីៗស្តីពីការរឹតបន្តឹងព្រំដែនរបស់ប្រទេសជប៉ុន។ ដើម្បីធ្វើឲ្យអ្នកមានភាពងាយស្រួល និងទទួលបានព័ត៌មានថ្មីៗនៃការផ្លាស់ប្តូរច្បាប់ចុងក្រោយ យើងបានឆ្លើយសំណួរទូទៅមួយចំនួនដែលទាក់ទងនឹងការរឹតបន្តឹងព្រំដែនបច្ចុប្បន្នរបស់ប្រទេសជប៉ុន។


ព័ត៌មានខាងក្រោមគឺផ្អែកលើការសម្រេចចិត្តចុងក្រោយរបស់រដ្ឋាភិបាលក្នុងការបន្ធូរបន្ថយការរឹតបន្តឹងព្រំដែន ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 1 ខែមីនា ឆ្នាំ 2022 កន្លងទៅ។


តើអ្នកណាអាចចូលប្រទេសជប៉ុនបាន?


គិតត្រឹមថ្ងៃទី 1 ខែមីនា ជនបរទេស អ្នកធ្វើដំណើរអាជីវកម្ម សិក្ខាកាម ពលករជំនាញ និងនិស្សិតបរទេសត្រូវបានអនុញ្ញាតឱ្យចូលប្រទេសជប៉ុន ប៉ុន្តែព្រំដែននៅតែបន្តបិទសម្រាប់ភ្ញៀវទេសចរ។


ចំណាំ៖ ប្តី/ប្រពន្ធ និងកូនរបស់ជនជាតិជប៉ុន ក៏ដូចជាជនបរទេសដែលមានស្ថានភាពស្នាក់នៅរយៈពេលវែងត្រូវបានចាត់ចូល "កាលៈទេសៈពិសេស" ដែលអនុញ្ញាតឱ្យពួកគេចូលប្រទេសជប៉ុនឡើងវិញដោយមិនគិតពីការរឹតបន្តឹងការធ្វើដំណើរបច្ចុប្បន្នឡើយ។


តើខ្ញុំត្រូវការអ្វីខ្លះដើម្បីចូលប្រទេសជប៉ុនបាន?


បច្ចុប្បន្ននេះ អ្នកត្រូវត្រៀមនិងរៀបចំឯកសារមានដូចខាងក្រោមមុនពេលចេញដំណើរ៖


  • លិខិតធ្វើតេស្តកូវីដ១៩ (លទ្ធផលអវិជ្ជមាន) ទទួលបានក្នុងរយៈពេល 72 ម៉ោងមុនចេញដំណើរ​
  • ច្បាប់ចម្លងដែលបានចុះហត្ថលេខាលើការសន្យាជាលាយលក្ខណ៍អក្សរ​(the Written Pledge) (មានជាភាសាអង់គ្លេស និងជប៉ុន)
  • បំពេញកម្រងសំណួរ ដែលគ្រប់គ្រងជាឌីជីថលដោយក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព 


នៅពេលទៅដល់ជប៉ុន មុន​ពេល​ចេញ​ពី​អាកាសយានដ្ឋាន អ្នក​ត្រូវ​ធ្វើ​ដូច​ខាង​ក្រោម៖


  • ប្រគល់ឯកសារខាងលើ
  • ធ្វើតេស្ត PCR
  • ទាញយកកម្មវិធីត្រួតពិនិត្យសុខភាពដែលតម្រូវដោយរដ្ឋាភិបាល


តើមានមនុស្សប៉ុន្មាននាក់អាចចូលប្រទេសជប៉ុនបាន?


បច្ចុប្បន្នចំនួនអ្នកចូលប្រទេសជប៉ុនបានត្រឹម 7,000 នាក់ក្នុងមួយថ្ងៃ ប៉ុន្តែក្នុងពេលឆាប់ៗនេះ រដ្ឋាភិបាលអាចបង្កើនកម្រិតប្រចាំថ្ងៃដល់ 10,000 នាក់ក្នុងមួយថ្ងៃ។ ក្នុងនេះដែរ អ្នកធ្វើដំណើរដែលធ្វើតេស្តអវិជ្ជមានសម្រាប់កូវីដ19 នៅពេលមកដល់ក៏នឹងត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរសាធារណៈពីអាកាសយានដ្ឋានទៅកាន់គោលដៅរបស់ពួកគេសម្រាប់ចត្តាឡីស័ក (ត្រូវតែស្ថិតក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីការធ្វើតេស្ត)។


តើលក្ខខណ្ឌចត្តាឡីស័កសម្រាប់អ្នកដំណើរពីក្រៅប្រទេសមានអ្វីខ្លះ?


ជាទូទៅ អ្នកធ្វើដំណើរនឹងតម្រូវឱ្យធ្វើចត្តាឡីស័ក 7 ថ្ងៃ។ 


ប៉ុន្តែ ចំនួនថ្ងៃចំពោះការធ្វើចត្តាឡីស័កត្រូវបានកំណត់ដោយយោងតាមតំបន់ប្រទេសដែលពួកគេធ្វើដំណើរចេញមក និងស្ថានភាពវ៉ាក់សាំងកូវីដ19 របស់ពួកគេដែលមាន4ករណី។


ករណីទី1៖ បើសិនជាអ្នកធ្វើដំណើរមកពីប្រទេស ឬតំបន់ដែលកំណត់ដោយរដ្ឋាភិបាលជប៉ុនថាជាកន្លែងដែលមានមេរោគកូវីដ19បំប្លែងថ្មី Omicronខ្លាំង ហើយអ្នកមិនទាន់បានទទួលវ៉ាក់សាំងការពារពេញលេញនោះទេ អ្នកនឹងត្រូវធ្វើចត្តាឡីស័ក3ថ្ងៃដំបូងសិននៅក្នុងសណ្ឋាគារនៅអាកាសយានដ្ឋាន ឬកន្លែងផ្សេងទៀតដែលណែនាំដោយរដ្ឋាភិបាល។ បន្ទាប់មកទើបធ្វើចត្តាឡីស័ក7ថ្ងៃនៅផ្ទះរបស់ខ្លួនបន្តទៀត។ 


ករណីទី2៖ បើសិនជាអ្នកធ្វើដំណើរមកពីប្រទេស ឬតំបន់ដែលកំណត់ដោយរដ្ឋាភិបាលជប៉ុនថាជាកន្លែងដែលមានមេរោគកូវីដ19បំប្លែងថ្មី Omicronខ្លាំង តែអ្នកបានទទួលវ៉ាក់សាំងការពារពេញលេញ អ្នកអាចធ្វើចត្តាឡីស័ករយៈពេល7ថ្ងៃនៅផ្ទះរបស់ខ្លួនបាន។ ហើយ ប្រសិនបើអ្នកជ្រើសរើសធ្វើតេស្តរកមេរោគកូវីដ19នៅថ្ងៃទី3 ហើយលទ្ធផលគឺអវិជ្ជមាន នោះអ្នកពុំចាំបាច់បន្តធ្វើចត្តាឡីស័កទៀតទេ។


ករណីទី3៖ បើសិនជាអ្នកធ្វើដំណើរមកពីប្រទេស ឬតំបន់ដែលមិនត្រូវបានកំណត់ដោយរដ្ឋាភិបាលជប៉ុនថាជាកន្លែងដែលមានមេរោគកូវីដ19បំប្លែងថ្មី Omicronខ្លាំង តែមិនបានទទួលវ៉ាក់សាំងពេញលេញ អ្នកក៏អាចធ្វើចត្តាឡីស័ក7ថ្ងៃនៅផ្ទះរបស់ខ្លួនបានផងដែរ។ ហើយប្រសិនបើអ្នកធ្វើតេស្តអវិជ្ជមាននៅថ្ងៃទី 3 នោះអ្នកក៏ពុំចាំបាច់បន្តការធ្វើចត្តាឡីស័កទៀតដែរ។


ករណីទី4៖ ចំពោះអ្នកដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ ហើយមកពីតំបន់ឬប្រទេសដែលមិនបានកំណត់ថាជាកន្លែងដែលមានមេរោគកូវីដ19បំប្លែងថ្មី Omicronខ្លាំង ដោយរដ្ឋាភិបាលនោះ​ នឹងត្រូវបានលើកលែងការធ្វើចត្តាឡីស័កទាំងស្រុង។


តើ​ប្រទេសណាខ្លះ​ដែល​ត្រូវបាន​កំណត់​ជាកន្លែងដែលមានមេរោគកូវីដ19បំប្លែងថ្មី Omicronខ្លាំង?


គិតត្រឹមថ្ងៃទី 17 ខែមីនា ប្រទេស និងតំបន់ចំនួន 14 ខាងក្រោមត្រូវបានចាត់ជាកន្លែងដែលមានមេរោគកូវីដ19បំប្លែងថ្មី Omicronខ្លាំង ហើយតម្រូវឲ្យធ្វើចត្តាឡីស័ក3ថ្ងៃដំបូងនៅក្នុងសណ្ឋាគារនៅអាកាសយានដ្ឋាន ឬកន្លែងផ្សេងទៀតដែលណែនាំដោយរដ្ឋាភិបាល៖


  1. អេហ្ស៊ីប
  2. ឥណ្ឌូនេស៊ី
  3. អ៊ីរ៉ង់
  4. ម៉ុងហ្គោលី
  5. មីយ៉ាន់ម៉ា
  6. នេប៉ាល់
  7. ប៉ាគីស្ថាន
  8. សាធារណៈ​រដ្ឋ​កូរ៉េ
  9. ប្រទេស​រុស្ស៊ី
  10. អារ៉ាប៊ីសាអូឌីត
  11. សិង្ហបុរី
  12. ស្រី​លង្កា
  13. តួកគី
  14. វៀតណាម


គួរបញ្ជាក់ដែរថា ប្រទេស ​កម្ពុជា ម៉ិកស៊ិកូ ស៊ុយអែត និង​ស្វីស ត្រូវបានដកចេញពីបញ្ជីខាងលើនៅដើមខែមីនានេះ។ 


ប្រភព៖ Time Out



lodosha-app
មេរៀនភាសាជប៉ុនពន្យល់ជាភាសាខ្មែរ
appstoreplaystore
asset

ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

lodosha-banner